អាយុទើប២២ឆ្នាំ​សោះ កីឡាការិនីកូរ៉េស្រស់ស្អាតម្នាក់ សម្រេចចិត្តបែបនេះ

កីឡាថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 12:31 នាទី ព្រឹក

កូរ៉េខាងត្បូង៖ ទើបតែអាយុ២២ឆ្នាំសោះ អត្តពលិកវ័យក្មេង ស្រស់ស្អាត Son Yeon Jae សញ្ជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកាយសម្ព័ន្ធ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។

ភ្នាក់ងាររបស់កីឡាការិនីរូបនេះបានបញ្ជាក់ថា Yeon Jae បានសម្រេចចិត្តចូលនិវត្តន៍ហើយ នឹងមិនចូលរួមជាបេក្ខភាពជ្រើសរើសដើម្បីទៅប្រកួតឲ្យក្រុមជម្រើសជាតិអត្តពលិករបស់កូរ៉េខាងត្បូងទៀតនោះទេ។

បើយោងតាមរបាយការណ៍ស្តីពីការចូលនិវត្តន៍របស់ Yeon Jae បានរៀបរាប់ឲ្យដឹងថា «កីឡាការិនីកាយសម្ព័ន្ធ Song Yeon Jae នឹងមិនបានចូលរួមជ្រើសរើសជាបេក្ខភាពដើម្បីទៅប្រកួតក្នុងក្រុមជម្រើសជាតិទៀតទេ ហើយស្របពេលជាមួយគ្នានេះដែរ នាងបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពមួយនេះតែម្តង» ។

របាយការណ៍ដដែលបានបន្ថែមទៀតថា « Son Yeon Jae មិនមានការអន់ចិត្ត និងសោកស្តាយអ្វីទេ មិនតែប៉ុណ្ណោះ នាងបានអរគុណទៅអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងស្រលាញ់នាងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតផង» ។

Son Yeon Jae អត្តពលិកវ័យក្មេង នឹងសម្រេចចិត្តដើរលើវិថីថ្មីមួយទៀតនៅក្នុងជីវិតរបស់នាង បើទោះបីជានាងបានលាចេញពីអាជីពជាកីឡាការិនីកាយសម្ព័ន្ធក៏ដោយ។

គួរបញ្ជាក់ថា Son Yeon Jae ត្រូវបានគេស្គាល់ ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិកូរ៉េខាងត្បូងមួយរូប ដែលមានសម្រេស់ស្រស់ស្អាត វ័យក្មេង មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ទៀតផង ដោយកាលពីឆ្នាំ២០១៦កន្លងទៅ នាងបានជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងព្រឹត្តការណ៍អូឡាំពិកនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលទៀតផង ៕

 

ប្រភព ៖ Koreaboo


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ