ចាន់ វឌ្ឍនាកា​ ថាមិត្តរួមក្រុមថ្មីនៅជប៉ុន រួសរាយរាក់ទាក់ ចេះជួយគ្នា.. (មានវីដេអូ)

កីឡាថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 2:24 នាទី ព្រឹក

ជប៉ុន៖ កន្លងផុតទៅជិតមួយសប្តាហ៍ហើយ ដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានចាកចេញពីប្រទេសកម្ពុជា ផ្លាស់ប្តូរទ្រនំទៅក្លិបថ្មី Fjieda MYFC នៅប្រទេសជប៉ុន។

មកដល់ប្រទសជប៉ុន វឌ្ឍនាកា ក៏បានចាប់ផ្តើមធ្វើការហ្វឹកហាត់ថ្ងៃដំបូងជាមួយក្លិបថ្មីផងដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ដើម្បីត្រៀមប្រកួតនៅពេលរដូវកាលថ្មីខាងមុខមកដល់។

បើទោះជាយ៉ាងណាក៏ដោយ ការរស់នៅលើទឹកដីថ្មី ក្នុងប្រទេសជប៉ុន ត្រូវបានលេច|ឭដំណឹងមកថា វឌ្ឍនាកា មិនទាន់ស៊ាំនៅឡើយទេ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ពេក ពេលខ្លះមានអាការៈឈឺក្បាល និងឈឺសាច់ដុំទៀតផង។

ចំពោះគ្រូបង្វឹករបស់ Fujieda MYFC ក៏បានលើកឡើងដែរថា « រាងកាយ វឌ្ឍនាកា មិនទាន់ស៊ាំនឹងភាពត្រជាក់ ទើបចាប់ផ្តើមបង្ហាត់ម្តងមួយៗដោយមិនបង្ខំ» ។

បន្ថែមពីនេះទៀត លោកបានអោយដំបូន្មានថា វឌ្ឍនាកា ត្រូវតែញ៉ាំ និងដេកឱ្យបានច្រើន។ ហើយដើម្បីស៊ាំនឹងអាកាសធាតុ វឌ្ឍនាកា ត្រូវការពេលវេលា ៣ទៅ ៤ថ្ងៃ ទើបរាងកាយវិលរកសភាពដើមឡើងវិញ។

ប៉ុន្តែមិនថ្វីនៅក្លិបថ្មី Fujieda MYFC ចាន់ វឌ្ឍនាកា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តរួមក្រុម និងគ្រូបង្វឹកផងដែរ ដោយជាក់ស្តែងកាលពីម្សិលមិញនេះ រូបគេ និងមិត្តរួមក្រុមនៅជប៉ុន ថែមទាំងចេញនូវវីដេអូឃ្លីបមួយទៀតផង។

នៅក្នុងវីដេអូបានបង្ហាញថា វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមជប៉ុន២នាក់ឲ្យនិយាយជាភាសាខ្មែរ ក្នុងនោះគឺកីឡាករ Otake Ryuto និងកីឡាករ Miyoshi Hirochika ។ លើសពីនេះទៀត អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ ក៏បាននិយាយបញ្ជាក់ក្នុងវីដេអូផងដែរថា «នៅទីនេះសប្បាយរីករាយ ដោយពួកគាត់មានភាពរួសរាយរាក់ទាក់ និងចេះជួយគ្នាទៅវិញទៅមក» ។ នេះបើយោងតាមទំព័រហ្វេសប៊ុក Fujieda MYFC KHMER បានបង្ហោះកាលពីម្សិលមិញ៕

ប្រភព: https://www.youtube.com/watch?v=iXGLSWWeDc0


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ