អាសូរ​ណាស់ ! រៀបរាប់​ទាំង​ទឹកភ្នែក​ពី​មូលហេតុ​ចាក​ចេញពី​កូន​មក​សង់​ខ្ទម​នៅ​ ម្នាក់ឯង

សង្គមថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 2:07 នាទី ល្ងាច

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​ ដែល​លោកតា​ឈ្មោះ សេង សយ អាយុ​៧៥​ឆ្នាំទៅ​ហើយ សង្ឃឹមថា​បាន​រស់នៅ​ដោយ​ស្រួល តែ​ផ្ទុយ​ទៅ​វិញ​សុខចិត្ត​ចាក​ចេញពីផ្ទះ​កូន​ មក​ធ្វើ​កូនខ្ទម​រស់នៅ​ តែ​ម្នាក់ឯង​ក្នុងភូមិ​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដោយ​ដើរ​រើស​អេ​ត​ចាយ​ ដើម្បី​ចិញ្ចឹមជីវិត​យ៉ាង​លំបាក ។

ស្ត្រី​ឈ្មោះ ទូច មើ​យ អាយុ​៣៦​ឆ្នាំ ប្រកប​របរ​លក់​បាយ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា គាត់​បានឃើញ​តា​ចាស់​ម្នាក់​នេះ​ មាន​ស្ថានភាព​ក្រីក្រ​លំបាក​ណាស់ គឺ​ប្រហែលជា​១០​ឆ្នាំ​មក​ហើយ ដោយ​មាន​កង់​កញ្ចាស់​១​គ្រឿង​សម្រាប់​ជា​មធ្យោបាយ​ដើរ​រើស​អេ​ត​ចាយ​ នៅ​តាម​ហាង​លក់ដូរ​ ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់ នៅ​ពេល​ណា​ដែល​បាន​ច្រើន​គ្រាន់បើ​នោះ​ នឹង​ត្រូវ​ប្រមូល​លក់​ម្តង​ គ្រាន់​នឹង​បាន​លុយ​ទិញ​អង្ក​ដាំបាយ​ពិសារ ។

ស្ត្រី​រូប​នោះ​ប្រាប់​បន្ត​ថា នៅ​រដូវវស្សា​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក ទឹកបាន​នៅ​ប្រៀប​ពាក់កណ្តាល​ផ្លូវជាតិ​លេខ​៧ លោកតា​បាន​ដាក់​មង​ក្នុង​ទឹក នៅ​ពេល​ដែល​បាន​ត្រី និង​ជាប់​សត្វ​មាន់ទឹក​តែងតែ​យក​មក​លក់​ ឲ្យ​គាត់​ដល់​កន្លែង​លក់ដូរ​របស់​គាត់​ជិត​ស្ពាន​មាត់​ឃ្មង់ ។ ជួនកាល​គាត់​ជូន​លុយកាក់​ សម្រាប់​យក​ទៅ​ទិញ​អង្ក​ដាំបាយ និង​ពេល​ខ្លះ​ទៀត​បាន​ហៅ​ឲ្យ​បាយ និង​ម្ហូប​យក​ទៅ​ពិសារ​ថែម​ទៀត ។

ក្រោយមក​ស្រាប់តែ​បាត់​តា សយ មិនដឹង​ទៅ​ណា​នោះ​ទេ ១​ឆ្នាំ​ហើយ​ទើបតែ​ឃើញ​គាត់​ក្នុង​រយៈពេល​ប្រហែល​ ៥​ខែ​នេះ ។ ទោះជា​ការ​លក់ដូរ​មិនសូវ​ដាច់ ហើយ​ទីតាំង​ត្រូវ​ជួល​គេ​ទៀត ពេល​ដែល​ឃើញ​មនុស្ស​ចាស់​បែប​នេះ គាត់​មាន​ក្តី​អាណិតអាសូរ តែងតែ​ហុច​នំចំណី​ជូន​គាត់​ពិសារ ។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សេង ស៊ា​ង​ហួត អាយុ​៦០​ឆ្នាំ នៅ​ភូមិ​មាត់​ឃ្មង់ ឃុំ​ជី​រោទ៍​ទី​២ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គាត់​បានឃើញ​តា​សយ បាន​មក​រស់នៅ​ធ្វើ​កូនខ្ទម​សម្រាប់​ជ្រកកោន​របៀប​នេះ​គឺ​ ៤-៥​ឆ្នាំ​ហើយ និង​មាន​កង់​១​គ្រឿង សម្រាប់​បណ្តើ​រដាក់​របស់របរ​នៅ​ពេល​ដែល​រើស​អេ​ត​ចាយ​បាន ។

តែ​ចុង​ក្រោយ​នេះ​ បាន​មក​សុំ​ដី​របស់​អ្នកក្រុង​សួង ដែល​មាន​ដី​នៅ​ជាប់​នឹង​ដី​របស់​គាត់ ដើម្បី​ធ្វើ​ខ្ទម​នៅ គាត់​ក៏​បាន​ទូរស័ព្ទ​សុំ​ម្ចាស់​ដី​គេ ក៏​បាន​អនុញ្ញាត​ឲ្យ​នៅ​នឹង​ច​ញ្ចើ​ម​ថ្នល់​តែ​ម្តង ហើយ​ជា​ញឹកញាប់​ គាត់​បាន​ផ្តល់​ចំណីអាហារ​ ជូន​តា​សយ​ពិសារ​ផង​ដែរ ។

លោកតា សេង សយ មាន​ប្រសាសន៍​ឲ្យ​ដឹង​ទាំង​បង្ហូរទឹកភ្នែក​ថា ចំពោះ​មូលហេតុ​ដែល​គាត់​ចាក​ចេញពី​កូន​ មក​សង់​ខ្ទម​នៅ​ម្នាក់ឯង​របៀប​នេះ ដោយសារ​តែ​កូនស្រី​ម្នាក់​នៅ​ពេល​ដែល​គាត់​ដើរ​រើស​អេ​ត​ចាយ​បាន​លុយ កូនស្រី​នោះ​ខ្ចី​លុយ​គាត់​អស់​ៗ ដោយសារ​តែ​ការ​លំបាក​ពេក គាត់​ក៏​សុខចិត្ត​មក​រស់​របៀប​នេះ​ល្អ​ជាង​ទ្រាំ​លំបាក​គ្រប់​បែប​យ៉ាង ដោយ​សុខចិត្ត​ដើរ​រើស​អេ​ត​ចាយ​ ដើម្បី​ចិញ្ចឹមជីវិត​ទម្រាំ​ដល់​ថ្ងៃ​ស្លាប់ ៕

ប្រភព ៖ កោះសន្តិភាព


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ