ឧកញ៉ា ទ្រី ភាព ចេញមុខអះអាងថា ឈប់រកស៊ីទិញឈើហើយ គ្មានឈើទុកឲ្យឆេះនោះទេ

សង្គមថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 2:17 នាទី ល្ងាច

(ភ្នំពេញ)៖ តាមរយៈអង្គភាពព័ត៌មាន Fresh News ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានថ្លែងច្រានទាំងស្រុង ចំពោះការផ្សព្វផ្សាយថា ឈើដែលឆេះនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងជាឈើរបស់លោកឧកញ៉ា។

ឧកញ៉ា ដែលទើបប្តូរអាជីពពីអ្នកប្រមូលទិញឈើនៅក្នុងស្រុកខ្មែររូបនេះ បានបញ្ជាក់ថា លោកឧកញ៉ាឈប់រកស៊ី ទិញឈើហើយ ហើយគ្មានឈើស្តុកទុកឲ្យឆេះនោះទេ។ លោកឧកញ៉ា ថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំឈប់រកស៊ីទិញលក់ ឈើយូរហើយ គ្មានឈើអីណាទុកឲ្យឆេះនោះទេ»។

សូមបញ្ជាក់ថា ការចេញមកថ្លែងច្រានចោលបែបនេះបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនថា ករណីឆេះឃ្លាំងស្តុកឈើមួយកន្លែង នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព។

លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ Fresh News ថា ពិតជាមានករណីអគ្គិភ័យ ឆាបឆេះពិតប្រាកដមែនកាលពីរំលងអាធ្រាត្រថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឃុំស្រែសំបូង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ តែលោកស្នងការអះអាងថា ការឆេះនោះគ្រាន់តែជាកម្ទេចឈើ និងអាចឈើពីមុនមក មិនមែនជាការឃ្លាំងស្តុកឈើអីនោះទេ។

លោកស្នងការ ម៉ៅ ច័ន្ទតារា បន្តថា បន្ទាប់ពីការឆាបឆេះភ្លាមៗ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្ត ទៅបាញ់ពន្លត់ប្រមាណ ៧គ្រឿងផងដែរ ព្រោះខ្លាចរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ។

ឧកញ៉ា ទ្រី ភាព ធ្លាប់បានប្រកាសថា លោកឧកញ៉ា ឈប់ប្រកបអាជីវកម្មប្រមូលទិញ និងលក់ឈើទៀតហើយ។ បច្ចុប្បន្នលោកឧកញ៉ា បាននិងកំពុងប្រកបជំនួញផ្សេងៗដូចជា ការដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេច ប្រកបរបរលក់ប្រេងឥន្ធនៈ វិស័យសណ្ឋាគារ លក់ម៉ាស៊ីនត្រជាក់ និងការបើករោងចក្រដំឡើង បង្គំម៉ូតូនៅក្នុង ស្រុកអង្គស្នួលជាដើម៕

ប្រភព ៖ Fresh News


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ