កក្រើក​ក្រុងព្រះសីហនុទៀតហើយ រថយន្តចិនស្រវឹងបុករះម៉ូតូ១០គ្រឿងរថយន្ត០១ របួស០២នាក់និង ហាងខារាអូខេ០២ខូចខាតទាំងស្រុង(​មានវិដេអូ ទិដ្ឋភាពទាំងស្រុង)

សង្គមថ្ងៃអង្គារ៍ ទី11 ខែកក្កដា ឆ្នាំ2017 ម៉ោង 3:03 នាទី ព្រឹក

ខេត្តព្រះសីហនុៈMC.ម៉ូតូចំនួន១០គ្រឿង រថយន្តមួយគ្រឿង រួមជាមួយហាងខារាអូខេចំនួន០២ និងស្ត្រីចំនួន០២នាក់ ត្រូវបានរងរបួស នាវេលាយប់ថ្ងៃទី១០កក្កដាឆ្នាំ២០១៧នៅចំនុច ក្រោយ ​ពេទ្យចំការចេក ស្ថិតក្នុងក្រុមទី០២ភូមិ០៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ ដោយសារ​រថយន្ត​ជនជាតិចិនស្រវឹងស្រាបោះពួយបុករះលាន់សូរដូចរន្ទះខែប្រាំង បង្ករការភ្ញាក់ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ  រួមជាមួយការផ្ទុះកំហឹងយ៉ាងខ្លាំង សំណាងល្អបានសមត្ថកិច្ចគ្រប់​គ្រងស្ថានការណ៏​ទាន់​ពេលវេលា។

ជុំវិញហេតុដ៏កក្រើកនេះ លោកវរៈសេនីយ៏ឯក អ៊ី សុខា ស្នងការរងទទួលផែន​សណ្តាប់​ធ្នាប់បានគូសបញ្ជាក់ថា នៅថ្ងៃទី10 ខែ​កក្កដា​ ឆ្នាំ​2017​ វេលាម៉ោង​22:50នាទី​ លើ​ផ្លូវ​7មករា ត្រង់ចំណុច​ ជិត​ភោជនីយដ្ឋាន​សួនសុបិន្ត​ ស្ថិតនៅ​ក្នុង​ភូមិ4​ សង្កាត់​លេខ​4 ក្រុង​/ខេត្ត​ព្រះ​សី​ហ​នុ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កដោយ​ រថយន្ត​ 01គ្រឿង​ម៉ាក​LEXUS​ RX300 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P 4626បើកបរ​ដោយ​ ជនជាតិ​ ចិន​ឈ្មោះ លី សៀវ ម៉ីង ភេទ ប្រុសអាយុ២៥ ជាបុគ្គលិកកាស៊ីណូ​ (មាន​កំរិត​ជាតិ​អាល់កុល​ 0,60mlg\L)​ មាន​ទិស​ដៅពី​លិច​ ឆ្ពោះទៅ​ កើត​ លុះដល់ចំណុច​ខាងលើ​ក៏​បាន​បុករថយន្ត​ 01គ្រឿង​ និង​ម៉ូតូ​ចំនួន​១០គ្រឿង រួចបន្តទៅចូល​ផ្ទះ​ប្រជាពល​រដ្ឋ​ចំនួន​០២​(ហា​ងខារាអូខេ)​ រងការខូចខាតធ្ងន់ធ្ងរ​ រួមជាមួយសំភារៈ​មួយ​ចំនួន​ទៀត​ ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​មនុស្ស​ចំនួន​ 02នាក់​ បាន​បញ្ជូន​ទៅ​សម្រាក​ព្យា​បាល​​នៅ​គ្លីនិក​ចាក់អង្រែ​​​។ ចំណែក​អ្នក​បើកបរ​រថយន្ត​ សមត្ថកិច្ច​ជំនាញ​បាន​នាំ​ខ្លួន​មក​សាក​សួរ​​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

ដោយឡែក បើយោងតាមប្រភពពីសាក្សីនៅក្បែរចំនុចកើតហេតុ(អ្នកលក់ក្បែរតោពីរ)  បានអះអាងថា នៅមុនកើតហេតុគេបានឃើញរថយន្តបង្ករបើកចេញពីខារ៉ាអូខេ នគរសំរិទ្ឋ ក្នុងល្បឿនយ៉ាងលឿន ហើយបានបត់ស្តាំដោយមិនបង្អង់​ល្បឿនឡើយបើទោះបី​ជាផ្លូវកោង​ក៏​ដោយ មិនបាន១០០ម៉ែត្រផងរថយន្តបង្ករបានរេចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាមរីហើម​ពណ៏សំបកឪឡឹក រួមជាមួយម៉ូតូ និងស្ត្រីពីរនាក់ឈក្បែរម៉ូតូនិង បានបន្តទៅបុកចូល​ហាង​ខា​រា​អូខេចំនួន០២ ខូចខាតទាំងស្រុង បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានមនុស្ស​ស្ទុះ​ទៅ​ចោមរោម រកវាយអ្នកបើកបរ(ជនបង្ករផងដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចរំដោះ​ចេញទាន់​ពេល​វេលា កុំអីវាសនាជនជាតិចិននោះមិនដឹងទៅជាយ៉ាងណានោះទេ។

ចំពោះ​វត្ថុតាង​​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​កត់ទុក​តាមនីតិវិធី​។

 

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ