សូមកុំចាញ់បោក! ចាប់វាយខ្នោះជនឆបោក យកឈ្មោះព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងខេត្តកំពង់ធំ ទៅគំរាមទារលុយពីប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើសនានា

សង្គមថ្ងៃអង្គារ៍ ទី21 ខែកុម្ភៈ ឆ្នាំ2017 ម៉ោង 2:29 នាទី ល្ងាច

(កំពង់ធំ)៖ ជនឆបោកម្នាក់ត្រូវ បានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ចាប់វាយខ្នោះបញ្ជូនទៅតុលាការ បន្ទាប់ពីជននេះ បានយកឈ្មោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា និងព្រះរាជអាជ្ញារងរបស់លោក យកគំរាមទារយកលុយពីប្រជាពលរដ្ឋ ពាក់ព័ន្ធ នឹងបទល្មើសមួយចំនួន។

ជនឆបោករូបនេះ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ធំ សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីសួរនាំចប់ និងបន្ទាប់ពីមានការចោទប្រកាន់ ពីតំណាងអយ្យការមកនោះ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៊ិត សុធា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា «ជននេះត្រូវបានឃុំខ្លួនហើយ តាំងពីម្សិលមិញ ដែលបានយកឈ្មោះខ្ញុំ និងព្រះរាជអាជ្ញារងរបស់ខ្ញុំ ទៅបោកយកពីប្រជាពលរដ្ឋ ដែលមើលទៅជនរងគ្រោះនោះ មានចំណុចខ្សោយណាមួយ។ ឧទាហរណ៍ ដូចជា បើប្រជាពលរដ្ឋទាំងនោះ មានការជាប់ពាក់ព័ន្ធបទល្មើស ជនឆបោកបានទៅប្រាប់ និងទារលុយ តែបើមិនឲ្យនឹងគំរាមថា ប្រាប់ព្រះរាជអាជ្ញា និងសមត្ថកិច្ចមកចាប់ខ្លួន»។

បើតាមលោកព្រះរាជអាជ្ញា នេះជាលើកទី១ហើយ ដែលមានជនឆបោកបានយកឈ្មោះរបស់លោក ទៅយកលុយពីប្រជាពលរដ្ឋ ប៉ុន្តែកាលពីពេលកន្លងទៅក៏មានជនសង្ស័យខ្លះទៀត បានយកឈ្មោះថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចទៅបោកលុយប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលយកឈ្មោះរបស់លោក ដើរទៅគំរាមគំហែងទារលុយពី ប្រជាពលរដ្នចំនួន៥០០ដុល្លារ ជាថ្នូរ និងការមិនចាប់ខ្លូនកូន ដែលធ្លាប់លួចប្រើប្រាស់ថ្នាំញៀនកន្លងមក។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅនិងផ្ទះជនរងគ្រោះតែម្ដងក្នុងភូមិបល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ ហ៊ុង ហេន អាយុ៤៤ឆ្នាំ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយជននេះតែងតែបោកលុយពីប្រជាពលរដ្ឋជាញឹកញ៉ាប់ តាមរូបភាពផ្សេងៗ៕

ប្រភព ៖ Freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ