ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 5:56 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ។

នាឱកាសនោះដែរ ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខា បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ក្នុងការចូលរួមចំណែកក្នុងរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក ដាក់ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ១បាវ
-ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
-មី ១កេសតូច
-ពងមាន់ ៣០គ្រាប់
-ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕(ដោយ: សោម ភ័ក្រត្រា)


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម