រថយន្តកុងតឺន័រសង្ស័យដាច់ហ្វ្រាំងបុករះនិងរថយន្តTacoma មួយគ្រឿង បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់

សង្គមថ្ងៃពុធ ទី04 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 12:08 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រមួយគ្រឿង បុកប៉ះគ្នាជាមួយនិងរថយន្តTacoma មួយគ្រឿងទៀត បណ្តាលអោយមានបុរសម្នាក់ជាព្រូរថយន្តកុងតឺន័រស្លាប់ និងអ្នកបើកបរថយន្តកុងតឺន័ររងរបួសធ្ងន់ នៅវេលាម៉ោងជាង០៩ព្រឹកថ្ងៃទី០៤.១១.២០២០នេះ នៅលើវិថីផែ ចំណុច កែងរ៉ារថភ្លើង ស្ថិតក្នុងភូម៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 4A-5701 ពណ៌ស ចុះចំណោតក្នុងល្បឿនលឿន ក្រោយមកក៏បានជ្រុលទៅបុកនិងរថយន្តតាកូម៉ាមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នាពីកើតទៅលិចបណ្ដាលឲ្យអូសរថយន្តទាំង ២គ្រឿងក្រឡាប់ធ្លាក់ជ្រោះផ្ញើជើង ។ហេតុការណ៍នេះ បណ្ដាលបុរសម្នាក់ដែលជាអ្នកបើកបររថយន្តកុងតឺន័រនោះគឺរងរបួសធ្ងន់និងម្នាក់ទៀតដែលជាព្រូបានស្លាប់បាត់បង់អាយុជីវិតក្រោយពេលបញ្ជូនយកទៅដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសន្និដ្ឋាន ជាបឋម សង្ស័យថារថយន្តកុងតឺន័រនោះដាច់ហ្រ្វាំង ខណៈពេលដែលកំពុងតែបើកបរក្នុងស្ថានភាពផ្លូវចុះចំណោត រួចក៏ដាច់ហ្វ្រាំងបណ្ដាលឱ្យទៅបុកប៉ះនឹងរថយន្តតាកូម៉ាមួយគ្រឿងនោះទៀត តែសំណាងល្អភាគីខាងរថយន្តតាកូម៉ាគឺពុំមានមនុស្សរងរបួសទេ ។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុស្ទួចយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ

អត្ថបទពេញនិយម