ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី

សង្គមថ្ងៃអង្គារ៍ ទី29 ខែកញ្ញា ឆ្នាំ2020 ម៉ោង 5:07 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ ព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី នៅក្នុង D'Seavier Clubhouse ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តផងដែរ។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា មានប្រសាសន៍ថា ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់ឯកឧត្តម គួច ចំរើន និងក្រុមការងារ ។ កាលពីថ្ងៃទី៨ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសជាភ្ញៀវកិត្តិយសនៅស្ថានទូតសឹង្ហបុរី យើងបានបើកបង្ហាញផ្ទាំងគំនូរទ្វេភាគីដែលបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជាតិ និងប្រទេសទាំងពីរបង្កើតផ្ទាំងគំនូរចំនួន ១១ផ្ទាំង ក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ street Art Fest ដើម្បីអបអរសាទរខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី រវាងសឹង្ហបុរី និងកម្ពុជា ផ្ទាំងគំនូរត្រូវបានលក់ ហើយទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភសម្រាប់អង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា និងសិល្បៈអមត: ។ ផ្ទាំងគំនូរទ្វេរភាគីត្រូវដាក់បង្ហាញនៅក្រៅស្ថានទូតសឹង្ហបុរី នៅរាជធានីភ្នំពេញ ក្លាយជាអនុស្សាវរីយ៍ដ៏មានអត្ថន័យរំលឹកអំពីមិត្តភាពដ៏យូរអង្វែង និងនៅច្រើនវិស័យផ្សេងទៀតរវាងប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតសឹង្ហបុរី មានប្រសាសន៍បន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ។ ប្រទេសសឹង្ហបុរី ជាអ្នកវិនិយោគិនធំជាងគេលំដាប់ទី៤ នៅកម្ពុជាក្នុងឆ្នាំ២០១៩ មានការវិនិយោគចំនួន ២១៦លានដុល្លារអាមេរិក ហើយនៅចុងឆ្នាំនេះមានគម្រោងមួយចំនួនផ្សេងទៀតដែលកំពុងត្រូវបានអនុវត្ត ។ ខ្ញុំយល់ថាក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំ ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ការដាក់បង្ហាញគំនូរសិល្បៈអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា- សឹង្ហបុរី និងបើកដំណើរការក្លឹបហាត់ប្រាណ D'Seaview Clubhouse ដោយធ្វើការកោតសរសើរ និងអបអរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។ នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។ ក្រុមហ៊ុន ហុង ឡៃហ៊ួត គ្រុប លីមីតធីត បានសម្ពោធក្លឹបហាត់ប្រាណ (D'Seaview Clubhouse) មានអាងហែលទឹក អាង ទឹកក្តៅ និងទឹកត្រជាក់ កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា និងរាំ ភោជនីយដ្ឋានជប៉ុន ស៊ីហ្គាបា កន្លែងស្ប៉ា ស្ទីម និងសូណា ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះហាក់បីមិនសូវល្អ ដោយសារមានសកម្មភាពការវាយដំ និងការបាញ់បោះក្នុងក្រុងរបស់យើង ក្រោយចប់កម្មវិធីនេះ ខ្ញុំនឹងដឹកនាំចាត់វិធានការនានាពាក់ព័ន្ធទៅនឹងស្ថាន ភាពអាក្រក់បែបនេះ។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំពិតជាត្រូវទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខនៅទីនេះ រួមទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងចាត់វិធានការជាក់ស្ដែងថែមទៀតក្នុងការគ្រប់គ្រងសន្តិសុខដល់អ្នកវិនិយោគ និងប្រជាពលរដ្ឋក្នុងខេត្តរបស់យើង។ ពិតណាស់ថាការចាត់វិធានការវាមានបញ្ហាខ្លះនឹងត្រូវកើតឡើងនៅតាមទីកន្លែងមានភាពស្មុគស្មាញមួយចំនួន និងការធ្វើដំណើរនៅតាមដងផ្លូវ យ៉ាងណាក៏ដោយក្នុងពេលសមត្ថកិច្ចរបស់យើងចុះធ្វើប្រតិបត្តិការវាពិតជាបងប្អូនមិនសប្បាយចិត្តវាអាចប៉ះពាល់ដល់ការធ្វើដំណើរតាមដងផ្លូវសាធារណៈដោយចំណែកខ្លះ ដើម្បីគ្រប់គ្រងការងារសន្តិសុខឱ្យបានល្អឡើងវិញកិច្ចការនេះក៏ជាដំណើរការគាំទ្រដល់ការវិនិយោគ និងភ្ញៀវទេសចរក្នុងខេត្តរបស់យើងផងដែរ ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ