ករណីឃាតកម្មឪពុកសម្លាប់កូនស្រី៣នាក់រួចសម្លាប់ខ្លួនតាមក្រោយ ឃាតកម្មប្តីសម្លាប់ប្រពន្ធ , កូនបង្កើតអារ.ក សម្លាប់ម្តាយ , រំលោភក្មេងរួចសម្លាប់ចោល កើតឡើងគួរកត់សម្គាល់ ខណៈព្រះមហាក្សត្រ មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់

សង្គមថ្ងៃសុក្រ ទី04 ខែកញ្ញា ឆ្នាំ2020 ម៉ោង 2:30 នាទី ល្ងាច

 

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ករណីអំពើឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធ , កូនបង្កើតអារ.ក សម្លាប់ម្តាយ , រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ រួចអារ.កសម្លាប់ចោល កើតឡើងគួរកត់សម្គាល់ ខណៈដែលព្រះមហាក្សត្រនៃកម្ពុជា មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។

នៅខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានថ្ងៃនេះ ទើបមានករណីកូនបង្កើតអារ.ក សម្លាប់ម្តាយចំណាស់ ដែលឃាតករជាកូនត្រូវបានរកឃើញខ្លះៗ ថា មានសតិមិនប្រក្រតី ខណៈចោទប្រកាន់ម្តាយ ថា មានខ្មោចចូលខ្លួន ។ ក្រោយអំពើឃាតកម្ម នេះ ឃាតករបានរត់មកចង.ក សម្លាប់ខ្លួន នៅខណ្ឌសែនសុខ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាន់ពេលវេលា ។

មួយកន្លែងទៀត នៅខណ្ឌពោធិ៍សែនជ័យ ដែរ គឺ បុរសម្នាក់ បានអារ.ក សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ រួចទើបរំលោភសេពសន្ថវៈ តាមក្រោយ តែក្រោយមក ឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅគល់ស្ពាន ព្រែកព្នៅ ពេលបម្រុងជិះតាក់ស៊ីគេចខ្លួន ។

ដោយឡែក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានចាក់សម្លាប់សង្សាររបស់ខ្លួនដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ស្រស់ស្អាត ព្រោះតែភ្លើងប្រចណ្ឌ ខណៈកើតជម្លោះពេលកំពុងផឹកស៊ី ក្នុងបុរី លឹម ឈាងហាក់ នៃខណ្ឌដង្កោ ។ ក្រោយចាក់សម្លាប់សង្សាររួច ឃាតករបានអារ.ក សម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ជាមួយគ្នានេះ នៅស្រុកអង្គស្នួល ខេត្តកណ្តាល វិញ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីអតីតប្តីដែលទើបលែងលះគ្នាបាន១សប្តាហ៍ បានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនដែលមានវ័យ២៧ឆ្នាំ ព្រោះតែសុំត្រូវរ៉ូវគ្នាវិញ មិនព្រម ដោយបន្សល់ទុកកូនកំព្រា២នាក់ ហើយក្រោយហេតុការណ៍នេះ ឃាតករបានអារ.កសម្លាប់ខ្លួនតាមក្រោយ ដែរ តែមិនស្លាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។

ករណីឃាតកម្មមួយទៀតហើយគឺ ប្ដីកាប់សម្លាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួនតាមក្រោយ ព្រោះភ្លើងប្រច័ណ្ឌ មន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

នេះជាករណីឃាតកម្មកំពុងកក្រើកខ្លាំងក្នុងសប្តាហ៍ថ្មី នៃខែកញ្ញា ឆ្នាំ២០២០ នេះ ដែលបង្ហាញអំពីភាពកាចសាហាវ តិរច្ឆាន និង ព្រៃផ្សៃជាទីបំផុត ដែលសង្គមមានការស្អប់ខ្ពើម ជាខ្លាំង។

ទោះបីយ៉ាងណា បញ្ហានេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហោះខ្លឹមសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយព្រះអង្គមាន ព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។

ព្រះមហាក្សត្រ មាន ព្រះបរមរាជឱង្ការ ថា បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើននិងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និង សម្ភារៈ ដែលមិនធ្លាប់មានពីមុនមក ។

ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និង អភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ ។ ភាពអន់ថយនៃសីលធម៌ និង គុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និង និរន្តរភាពនៃវប្បធម៌ និង ចីរភាពរបស់សង្គមនិយមទៅអនាគត ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ