យ៉ាងមិចហើយ.! ពលរដ្ឋជាច្រើនគ្រួសារ កំពុងរង់ចាំមើលចំណាត់ការរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពាក់ពាក់ព័ន្ធដីនៅតំបន់អូរអារេវ

សង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែកក្កដា ឆ្នាំ2020 ម៉ោង 7:00 នាទី ល្ងាច



ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៣ ខែ កក្ដដា ឆ្នាំ ២០២០ នេះ ក្រុមការងារ ទីចាត់ការ អន្តរវិស័ យខេត្តព្រះសីហនុ ដឹកនាំ ដោយ លោក ប៊ូ វឌ្ឍនា នាយករង ទីចាត់ការ អន្តរវិស័យ ខេត្តព្រះសីហនុ សហការ ជាមួយ កងកម្លាំងសមត្ថកិច្ច និង ជំនាញ ចុះពិនិត្យវាស់វែងទីតាំងដីជាក់ស្តែងតាមការចង្អុលបង្ហាញរបស់លោក គិត ប៊ុន លោក ម៉ម ឈាង និងប្រជាពលរដ្ឋ មួយចំនួនស្ថិតនៅ(អូរអារេវ )ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ទីតាំងដី នេះត្រូវ បាន លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដីប្រពន្ធ) កំពុង សាងសង់ ធ្វើជា ឃ្លាំង អត់ច្បាប់ស្ទើរទាំងស្រុងទៅហើយ ដោយ លោក គិត ប៊ុន សំអាង លើ ប័ណ្ណ កម្មសិទ្ធិ A1-911 ដែល ប័ណ្ណ នេះ ត្រូវ បាន និរាករណ៍ អស់ទៅ ហើយ ។


បើតាមលោក ប៊ូ វឌ្ឍនា នាយករង ទីចាត់ការ អន្តរវិស័យ ខេត្តព្រះសីហនុ បានហៅអ្នកសារព័ត៌មានយើងទៅ ប្រាប់ ថា លោក ចុះ មកតាមតែ តួនាទី ឯកឧត្ដម ចាត់ឲ្យមក តែប៉ុណ្ណោះ ដើម្បី រកការពិត ជូនប្រជាជន សុភវិនិច្ឆ័យ របស់ ឯកឧត្ដមចុងក្រោយ គឺចង់ដឹងតែការពិត អញ្ចឹង ទើប បង្កើត ក្រុមការងារ មាន ជំនាញ មានក្រុង ចុះ មកនេះ ។ លោក បន្តថា អញ្ចឹង ជំហាន ទី១ នេះ ឲ្យអ្នកសារព័ត៌មានយើងថត ចុះ ប៉ុន្តែ ផ្សាយឲ្យ ត្រូវ កុំផ្សាយខុស លោក ថា អ្នកខ្លះ សរសេរ ដុត អាហ្នឹង ពីបទញុះញង់ ឲ្យតែ រកឃើញ ថា សរសេរខុស ការពិត ប្ដឹងហ្មង!។ លោក បញ្ជាក់ ថា ការពិត ត្រូវ លាតត្រដាង ហើយ អត់មាន បន្លឹមបន្លំ ទេ អត់មាន មកកាន់ ជើង ភាគី ណាទេ គ្មានទេ សុំឲ្យថា ចប់ដោយ សន្តិវិធី ទៅ ព្រោះ រាំរ៉ៃ យូរឆ្នាំ ហើយ ។


ទីតាំង ដី ទំនាស់នេះ យោងតាម សេចក្ដី ជូនដំណឹង របស់ រដ្ឋបាលខេត្ត ព្រះសីហនុ លេខ ០៤៤/២០ សជណ ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ជម្រាបមក លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្តីប្រពន្ធ) មានអាសយដ្ឋាន ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវត្ថុ ស្តីពី ការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយដែលបានសាងសង់ និង កំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្តបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងៈ ពាក្យបណ្តឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ឈ្មោះ គិត ប៊ុន និងនាង ឡឹក លក្ខិណា(ហៅ គឹម បូ) (ប្ដី/ប្រពន្ធ)
– លិខិតលេខ ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះសីហនុ។
– លិខិតលេខ ១៣២៥តរ/១៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត
ព្រះសីហនុ។
– លិខិតលេខ ៦១ ត.រ /១៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត
ព្រះសីហនុ។


តបតាមកម្មវត្ថុនិងយោងខាងលើ សូម លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី/
ប្រពន្ធ) ជ្រាបថាៈ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងមកលោក និងលោកស្រី ម្តងរួចមក
ហើយតាមរយៈសេចក្តីជូនដំណឹងលេខ៧៤៥/១៨សជណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់
ថាៈ ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លីលេខ A1-911 ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ត្រូវបាននិរាករណ៍តាម
លិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
ដូចនេះប័ណ្ណខាងលើពុំមានតម្លៃគតិយុត្តសម្រាប់យកមកប្រើប្រាស់ស្នើសុំទាមទារ និងដោះស្រាយអ្វីឡើយ
ប៉ុន្តែរហូតមកដល់ពេលនេះ លោក និងលោកស្រី ពុំបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុនោះទេ។ ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ទាំងឡាយចេញពីលើទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុ
ខាងលើក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីលោក និងលោកស្រីមិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់ដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីឡើយ។


អាស្រ័យហេតុនេះ សូមលោក និងលោកស្រី អនុវត្តតាមខ្លឹមសារខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
គួរ រំលឹក ឡើងវិញ ផងដែរថា លោកស្រី មុំ ផន មេភូមិ ២ ធ្លាប់បាន លើកឡើង កាលពី ថ្ងៃទី ១៦មីនា ឆ្នាំ ២០២០កន្លងមកថា ដំបូង ខេត្តបាន ឲ្យលោកស្រី ចុះ បិទ ប្រកាស សជណ ថា រុះរើ ឃ្លាំងនេះ ក្រោយមក ខាងខេត្តចុះស្រង់ឈ្មោះពលរដ្ឋ ១៨គ្រួសារទៀត។ លោកស្រីមានចម្ងល់ថា ចុះចំណាររបស់ឯកឧត្ដម គួច រើន បាត់ទៅណាទៅ??។ លោកស្រីពន្យល់ថា ក្នុងដីទំហំ ១ហិកតារកន្លះ ជាចំណាររបស់លោក ម៉ម ឈាង ហើយ ប្រជាពលរដ្ឋ១៨ គ្រួសារក៏នៅក្នុងដីនោះដែរ បើដោះស្រាយឲ្យ លោក ម៉ម ឈាង ហើយគឺដូចជាដោះស្រាយជូនពលរដ្ឋ១៨គ្រួសារអញ្ចឹងដែរ។

ជុំវិញ និង បញ្ហានេះ ពលរដ្ឋ លើកឡើង ថា ទាំង រដ្ឋបាល ខេត្ត ទាំង ប្រជាពលរដ្ឋ សុទ្ធតែ ដឹងថា ដីនេះជាដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្តបានចែកជូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បានទាំងចេញ សេចក្ដី ជូនដំណឹង (សជណ )ទៀត ចុះ ហេតុអ្វី មកដល់ព្រឹក ថ្ងៃ ទី ២៣ ខែ កក្ដដា ឆ្នាំ ២០២០ នេះ ជាង ៥ខែហើយ មិនឃើញ រដ្ឋបាល ខេត្ត ចុះ អនុវត្ត សជណ ??? ឃើញ តែ ក្រដាស
ក្រុមការងារទីចាត់ការអន្តរវិស័យខេត្តចុះវាស់វែងដីនេះ តាមការចង្អុលបង្ហាញរបស់លោក គិត ប៊ុន និងលោក ម៉ម ឈាង ទៅវិញ។ ប្រជាពលរដ្ឋជាច្រើន កំពុងរង់ចាំមើលចំណាត់ការរបស់ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ៕


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ