ជាលើកទី១សំរាប់ប្រទេសកម្ពុជា ដែលមានស្រ្តីជាជំនួញវ័យក្មេង ទទួលបានពានរង្វាន់​ជាអ្នកជំនួញឆ្នើមក្នុង កម្មវិធី One Root One Dream របស់សមាគមន៍អ្នក​ជំនួញពិភពលោកនៅប្រទេសចិន

សង្គមថ្ងៃអាទិត្យ ទី19 ខែមករា ឆ្នាំ2020 ម៉ោង 10:08 នាទី ល្ងាច

(ចិន)៖ អ្នកជំនួញកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមជាលើកទី០១ ក្នុងកម្មវិធី One Root One Dream ដែលជាកម្មវិធីជួបជុំ របស់អ្នកជំនួញជនជាតិចិន មកពីបណ្តាលប្រទេសនានា លើ​ពិ​ភពលោក។ ក្នុងកម្មវិធីនោះ លោកស្រី លុក សុវណ្ណា អគ្គនាយិកាក្រុមហ៊ុន ខេ និរន្តរ៍ ទទួល​បាននូវពានរង្វាន់ ជាអ្នកជំនួញឆ្នើម ហើយក៏ជាស្ត្រីវ័យក្មេងទី១ ដែលមកពីប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ២០២០ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមគំនិតផ្តួចផ្តើម របស់ប្រធា​នាធិបតី សាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី លុក សុវណ្ណា បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើ​ឡើង​ជា​រៀង​រាល់ឆ្នាំ មុនបុណ្យចូលឆ្នាំចិន ដើម្បីផ្តល់ឱកាស ឲ្យអ្នកជំនួញនានាបានចូលរួម។ នៅឆ្នាំ​២០​២០នេះ លោកស្រី បានក្លាយជាម្ចាស់ពានរង្វាន់អ្នកជំនួញឆ្នើម ដែលត្រូវបានជ្រើសរើស ចេញ​ពីក្នុងចំណោមអ្នកជំនួញឆ្នើម ជាងគេចំនួន១០ប្រទេស។ លោកស្រី លុក សុវណ្ណា បាន​អះ​អាងថា ពានរង្វាន់នេះ ត្រូវអនុវត្តដោយផ្តោតសំខាន់លើ ការធ្វើជំនួញនាពេលកន្លងទៅ រហូត​ដល់បច្ចុប្បន្ន និងបានកសាងស្នាដៃល្អៗ ជាច្រើនផងដែរ។ លោកស្រីចាត់ទុកថា ការផ្តល់​រង្វាន់​នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួន ជាមួយគ្នានោះ លោកស្រី បានបន្ដទៀតថា ការទទួល​ពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ជាតិ របស់​ប្រទេសចិន រយៈពេល៣ខែ ស្របពេលដែលចំណងមិត្តភាព រវាងររដ្ឋាភិបាលចិន និងរាជ​រដ្ឋា​ភិបាលកម្ពុជា កំពុងមានភាពជិតស្និទ្ធ ជាមួយគ្នាយ៉ាងខ្លាំង។ លោកស្រី លុក សុវណ្ណា បាន​បញ្ជាក់ថា ការទទួលបានពានរង្វាន់ អ្នកជំនួញឆ្នើមនេះ លោកស្រីពិតជារីករាយជាខ្លាំង ដែល​ការខិតខំលើស្មារតីទទួលខុសត្រូវ ប្រកបដោយភាពស្មោះត្រង់ចំពោះដៃគូ រកស៊ីរហូត​ទទួល​បានជោគជ័យ ជាពិសេសគឺការរកស៊ី លើវិស័យអចលនទ្រព្យនៅកម្ពុជា ជាមួយអ្នក​ជំនួ​ញ​ចិនជាដើម។ ជាចុងក្រោយលោកស្រី ក៏សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារការដឹកនាំ​ប្រកបដោយគិតបណ្ឌិតរបស់លោកទាំង២ ធ្វើឲ្យប្រទេសជាតិរីកចម្រើនស្ទើរគ្រប់វិស័យ ពោរ​ពេញដោយសុខសន្តិភាព ទើបធ្វើឲ្យលោកស្រី មានឱកាសទទួលបានពានរង្វាន់ អ្នកជំនួញ​ឆ្នើមនាពេលនេះ៕



ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល