កាស៊ីណូមួយកន្លែង ត្រូវបានតុលាការចុះអនុវត្តន៏ដីការក្សាការពារ បន្ទាប់ជំពាក់លុយជាង១លានដុល្លាថ្លៃឈ្នួលសាងសង់

សង្គមថ្ងៃអង្គារ៍ ទី03 ខែកញ្ញា ឆ្នាំ2019 ម៉ោង 12:36 នាទី ល្ងាច

ខេត្តព្រះសីហនុៈវាអាចចាត់ទុកជាលើកទី 1 ហើយនៅក្នុងខេត្តព្រះសីហនុ ដែលចៅក្រម​ទទួល​បន្ទុកសំ​ណុំរឿងសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការក្សាការពារ លើ​សំណង់​អា​គារ​កាស៊ីណូមួយកន្លែងដែលមានទីតាំងនៅភូមិ1សង្កាត់លេខ3 ក្រុងខេត្ត​ព្រះ​សី​ហ​នុ​បន្ទាប់ពី​ឈ្មោះ ឈិនគួ ឈីង ដែលជាអ្នកម៉ៅការសំណង់ អាគារ ដែល​ស្ថិត​នៅ សង្កាត់លេខ 3 ក្រុង​ព្រះសីហនុ បានប្ដឹង ទៅឈ្មោះ តាំង អ៊ួយ ជាម្ចាស់ សំណង់អាគារ ដែលមាន​កំពស់​ជាង 30 ជាន់​កំពុង បើកដំណើរការកាស៊ីណូនិងសណ្ឋាគារ។

យោងតាមខ្លឹមសារនៃដីការក្សាការពារ របស់ម្ចាស់បំណុលឈ្មោះ ឈិនគួ ឈីង ដែល​ជា​អ្នក ម៉ៅ ការ សំណង់ អាគារ មានទីតាំងស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្ដឹង ទៅ​លើឈ្មោះ តាំង អ៊ួយ អាយុ ៨១ឆ្នាំ សញ្ជាតិខ្មែរជនជាតិចិន ជាម្ចាស់​អាគារ​(ម្ចាស់​ផ្ទះ) ឈ្មោះ (កា ជីងកាង ហូរថេល) ដែលមានកំពស់ជាង ៣០ ជាន់កំពុង​បើក​ដំណើរ​ការ​កាស៊ីណូនិងសណ្ឋាគារ។ បើ តាមពាក្យបណ្ដឹងលោក ឈិន គូឈីង អាយុ ៥៥ ឆ្នាំសញ្ជាតិ​ខ្មែរ​ជនជាតិចិន ដែលជា អ្នក ម៉ៅ ការសំណង់ដ៏ធំនេះបានឲ្យដឹងថា លោកបានទទួល​ម៉ៅការ​សំ​ណង់ខាងលើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកាថ្លៃសេវានិងសម្ភារៈសំណង់ អស់ចំនួន (មួយលាន ប្រាំរយពាន់ ដុល្លារ) ១៥០០០០០$ សហរដ្ឋអាមេរិក ប៉ុន្តែក្រោយ​ការ​សាង​សង់​ត្រូវបានបញ្ចប់ ម្ចាស់សំណង់អាគារ មិនព្រមទូទាត់ សងប្រាក់សម្រាប់សម្ភារៈម៉ៅការ ឲ្យមក​ខ្លួន​ដែលជាអ្នកម៉ៅការសំណង់នោះទេ នៅពេលដែល លោកបានយកលិខិត បញ្ជី ការជំ​ពាក់​ថ្លៃ​សម្ភារៈនេះទៅ ទូទាត់ជាមួយម្ចាស់ផ្ទះ បែរជាត្រូវ ម្ចាស់ផ្ទះដែលជំពាក់នេះហែកបញ្ជីចោល និងបានប្ដឹងមកលោកថា បានក្លែង បញ្ជីជំពាក់បំណុល។ ដោយក្នុងពាក្យបណ្ដឹងនេះ លោក ឈិន គូឈីង បានប្ដឹងតប ទៅម្ចាស់ ផ្ទះ វិញថា គេចវេសក្នុងការសងប្រាក់ថ្លៃចំណាយ​ទិញ​សម្ភារៈ​គ្រឿង សង្ហារឹមនិងសម្ភារៈ សំណង់សម្រាប់សាងសង់អាគារមួយនេះ។

បើតាមមេធាវី​តំណាងឲ្យកូនក្ដីឈ្មោះ លោក ឈិន គួឈីង បានឲ្យសារព័ត៌មាន​យើង​ដឹង​ថា អ្នកទាំងពីរ ពីដើមឡើយគឺជាមិត្តភក្កិ ប៉ុន្តែដោយសារទំនាស់ ក្នុងការសាងសង់​ហើយ​មិនទូទាត់ថ្លៃចំណាយ លើសម្ភារៈសំណង់ ដែលម្ចាស់ផ្ទះ ត្រូវចំណាយឱ្យទៅ លោក ឈិន គួឈីង ទើបកើតការប្ដឹងផ្ដល់ ទារថ្លៃសំណងតាមប្រព័ន្ធផ្លូវតុលាការ យ៉ាងដូច្នេះ។ លោក​បន្តថា កន្លងមកក៏មានការធ្វើការតវ៉ាពីសំណាក់កម្មករ ខ្មែរនិងជនជាតិចិនដែល ធ្វើការ​នៅ​ក្នុង​សំណង់ខាងលើនេះផងដែរ ក្រោយមកក៏បានទូទាត់ថ្លៃកម្មកររួចរាល់ ទើបបញ្ឈប់ការ​តវ៉ាទៅ​វិញ ប៉ុន្តែ ឈ្មោះ តាំង អ៊ួយ រហូតមកដល់ពេលនេះ នៅមិនទាន់សងថ្លៃសេវាការចំណាយ​លើ​សម្ភារៈគ្រឿងសង្ហារឹមនិងជាងម៉ៅការដទៃទៀតនៅឡើយទេ ទើបអ្នកម៉ៅការសំណង់សម្រេច​ដាក់​ពាក្យប្ដឹងតែម្ដង។

បើតាមសេចក្ដីសម្រេចបញ្ចប់របស់តុលាការខេត្តព្រះសីហនុ សំណង់អាគារដែល​មាន​ឈ្មោះ (កា ជីងកាង ហូថេល)នេះ សម្រេចធ្វើការ ផ្អាកអាជីវកម្មទាំងស្រុង ដោយតម្រូវ​ឲ្យម្ចាស់ សណ្ឋាគារកាស៊ីណូ ឈ្មោះ(កា ជីងកាង ហូថេល) នេះ សងប្រាក់​ឲ្យគ្រប់​ចំនួ​ន​ឲ្យទៅឈ្មោះ ឈិន គូឈីង។ បើតាមប្រភពបានឲ្យដឹងថាអាគារ (កា ជីងកាង ហូថេល) ខាងលើនេះចំណាយទឹកប្រាក់ក្នុងការសាងសង់ (អស់ចំនួនជាង ៣០លានដុល្លារ) ប៉ុន្តែអ្វីដែល ជារឿងហេតុ គឺចំនួនទឹកប្រាក់តែជាង ១លានដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹងផ្ដល់ ឡើងតុលាការនៅពេលនេះ។

ដោយឡែកភាគីលោកតាំង អ៊ួយ ដែលជាភាគីសហកូនបំណុល ពុំទាន់អាចស៊ុំការ​បំភ្លឺបាន​នៅឡើយទេ ជុំវិញការឈានដល់ការអនុវត្តន៏ដីការសម្រេចរក្សាការពារនេះ ដោយ​សារ​លោកតាំង អ៊ួយ កំពុងសម្រាកព្យាបាលនៅក្រៅប្រទេស ហើយក្នុងពេលដែល​សាលា​តំបូងចុះអានដីការសម្រេចរក្សាការពារ ក៏ពុំមានវត្តមានមេធាវីតំណាងអោយលោកតាំង អ៊ួយ ចូលរួមនោះដែរ គឺមានតែតំណាងភាគីអ្នកជួលអាគារពីលោក តាំង អ៊ួយ ដែលជាភាគីពុំ​មានការពាក់ព័ន្ឋក្នុងការចុះអនុវត្តន៏នេះ៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ