អំណាចទឹកប្រាក់ កំពុងលេបត្របាក់មិត្តភាព បងប្អូន លើបញ្ហាដីធ្លីនៅក្រុងព្រះសីហនុ

សង្គមថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2019 ម៉ោង 9:24 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ​អំណាចទឹកលុយ សម័យចិនចូលស្រុក បាននឹងកំពុងបង្វក់សតិអារម្មណ៏​មនុស្សអោយឈ្លុកវង្វេងលែងស្គាល់បុណ្យបាប អាក្រក់ ល្អ, ស ខ្មៅ ទៅហើយ សូម្បីតែ​បង ប្អូន​ ធម៏​ដែល​ធ្លាប់ហូបបាយចានមួយ០២នាក់ ក៏អាចពាក់មុខយក្សដាក់គ្នាដែរ។ជាក់ស្តែង​ដូចជា បញ្ហា​ទំនាស់​ដីធ្លី​មានការ​កើនឡើង​យ៉ាងកក្រើក សម្រាប់មួយរយៈពេលចុងក្រោយនេះ ក្នុងខេត្តព្រះសីហនុគេឃើញមានទំនាស់ដីធ្លី ជាច្រើន កន្លែង ហើយចំពោះបញ្ហាទំនាស់​ទាំង​នេះ ដោយសារតែភាគីម្ខាងៗ សំអាងយកត្រូវរៀងៗខ្លួន។

ជុំវិញបញ្ហានេះផងដែរ លោកស្រី យូ ចន្ថា រស់នៅ ផ្ទះលេខ ៥សេ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។លោកស្រីបានទិញដីរួមគ្នាមួយ​កន្លែង​ជាមួយឈ្មោះ គុជ ហាវ ដែលមានលេខប័ណ្ណ ១៨០១០៣០១-១៤៩៣ ទំហំ ៣២ x និង ៤៤ ម៉ែត្រ តាំងពី ឆ្នាំ ២០០៥ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ លោកស្រីបាន​អះអាងថាដីនិងផ្ទះ លោកស្រីបែរជាប័ណ្ណកម្មសិទ្ធិឈ្មោះអ្នកផ្សេង។ លោកស្រីបានរៀបរាប់ថា លោកស្រីបាន ទិញដីនេះជាមួយឈ្មោះគុជ ហាវ ដោយប័ណ្ណកម្មសិទ្ធិ ដាក់ឈ្មោះគុជ ហាវ ក្រោយមក ឈ្មោះគុជ ហាវ បានលក់ដីនេះមកឲ្យលោកស្រី កាលពីថ្ងៃ ១៥ ខែកក្កដាឆ្នាំ ២០​១៥ តាមរយៈកិច្ចសន្យា លក់ផ្ដាច់ នៅថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០១៥។ លោកស្រី បាន​បញ្ជាក់​ថា លោកស្រីបានប្រើប្រាស់ អាស្រ័យផល រហូតដល់បច្ចុប្បន្ន ដោយបានសាងសង់អាគារ ធ្វើអំពីថ្មចាក់បេតុងគ្រឹះរឹងមាំ នឹងធ្វើជាស្នាក់ការក្រុមហ៊ុនរបស់លោកស្រីទៀតផង។ ប៉ុន្តែនៅ​ក្នុងអំឡុងឆ្នាំ២០០៨នោះ(មុនលក់) ឈ្មោះ គុជ ហាវ បានចុះទិន្នន័យក្បាលដីរួចហើយ​ក្នុងការ​វិនិច្ឆ័យកំណត់ក្បាលដីសាងប្លង់ជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងតំបន់នោះឈ្មោះ គុជ ហាវ បាន​ដាក់​ពាក្យស្នើសុំចុះបញ្ជីបំពេញបន្ថែមលើក្បាលដីលេខ ១៤៩៣ នៅថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០០៨ ទើបដឹងថា ក្បាលដីខាងលើនេះត្រូវបានគេកំពុងធ្វើប័ណ្ណកម្មសិទ្ធិយក។ លោកស្រី​រៀប​រាប់ថាលោកស្រីបានដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ មិនមានការចេញ ប័ណ្ណឲ្យលោកស្រីទេ ដោយសារដីរបស់លោកស្រីត្រូវបានគេធ្វើ​ប័ណ្ណកម្ម​សិទ្ធិ ឈ្មោះគេរួចទៅហើយ។ លោកស្រី ស្នើរសុំឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ដែនដី ជួយរកយុត្តិធម៌ឱ្យលោកស្រីផង។ លោកស្រីក៏បានបន្តថា លោកស្រីក៏បានដាក់​ពាក្យ​បណ្ដឹង ប្ដឹងតប ឈ្មោះ គុជ ហាវ វិញដែរ តាំងពីឆ្នាំ ២០១៨ ប៉ុន្តែតុលាការបានសម្រេច និងអនុវត្តឲ្យលោកស្រីរុះរើផ្ទះចេញពីដីនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់ដឹងយ៉ាង​ណា​នៅ​ឡើយទេ ដោយសារលោក គុជ ហាវ មិនអាចសុំការ បញ្ជាក់ជុំវិញបញ្ហាទំនាស់ដីធ្លីនេះបាន៕

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ