ឯកឧត្តម យន្ត មីន អភិបាលខត្តព្រះសីហនុ-ពិនិត្យមើលស្ថានភាពស្រែស្រូវ របស់​ប្រជាពលរដ្ឋ នៅចំណុចឃុំជើងគោ ស្រុកព្រៃនប់ ដែលមានបញ្ហាខ្វះខាតទឹក

សង្គមថ្ងៃអាទិត្យ ទី18 ខែវិច្ឆិការ ឆ្នាំ2018 ម៉ោង 6:36 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.បន្ទាប់ពី​បាន​ទទួលដំណឹងមកថា មានស្រូវរដូវវស្សាឆ្នាំនេះ នៅតាម​តំបន់​ខ្លះនៃឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ជួបបញ្ហាខ្វះទឹក នៅគ្រាស្រូវកំពុង​ចេញ​ផ្លែ នោះនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារមួយក្រុម ដឹកនាំដោយឯកឧត្តម យន្ត មីន អភិបាលខត្តព្រះសីហនុ- ឯកឧត្តម នេន ម៉ាឡៃ អ្នកតំណាងរាស្ត្រមណ្ឌល​ខេត្ត​ព្រះសីហនុ- ឯកឧត្តម ពេជ្រ គឹមសាន្ត ទីប្រឹក្សាក្រសួងធនធានទឹក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទខេត្តព្រះសីហនុជាច្រើនរូបទៀត បានចុះទៅពិនិត្យមើលស្ថានភាពស្រែស្រូវ របស់​ប្រជាពលរដ្ឋ នៅចំណុចឃុំជើងគោ ស្រុកព្រៃនប់ ដែលមានបញ្ហាខ្វះខាតទឹក។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ពេលនេះស្រូវ របស់ប្រជាពលរដ្ឋ កំពុង​ចាប់​ផ្ដើមចេញផ្លែ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងតែប្រឈមបញ្ហាខ្វះខាតទឹក។ មន្ត្រីរដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ ឱ្យដឹងថា ទីតាំងដែលស្រែស្រូវប្រជាពលរដ្ឋមានបញ្ហាខ្វះទឹកខាងលើនេះ គឺមានប្រមាណ ៥០០ហិចតា ក្នុងចំណោមផ្ទៃដីស្រែជិត ១ម៉ឺនហិចតា នៅតំបន់នោះ។

ទាក់ទិនបញ្ហានេះ លោក ហេង សុភណ្ឌ័រិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តព្រះសីហនុ មានប្រសាសន៍ថា កង្វល់របស់ប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ ជួប​បញ្ហា​ខ្វះទឹកដាក់ស្រែ បច្ចុប្បន្ននេះ មន្ត្រីជំនាញ បានដាក់ម៉ា ស៊ីនបូមទឹកចំនួន ២២គ្រឿង ដើម្បី​បូម​ទឹក​បញ្ចូលដាក់ស្រែ របស់ប្រជាពលរដ្ឋ បង្ការខ្លាចស្រូវស្កក នាំឱ្យបាត់បង់ទិន្នផលស្រូវ។ បញ្ហា​នេះដែរ ។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ ក៏បានឱ្យដឹងដែរថា តាមការ​ពិនិត្យជាក់ស្តែង ស្រូវដែលកំពុងចេញផ្លែ ដែលប្រឈមខ្វះទឹក គឺមាននៅឃុំជើងគោ ប្រហែល ២០០ហិចតា និងឃុំវាលរេញ មានទីតាំងនៅជាប់ព្រំប្រទល់គ្នានេះដែរមានប្រមាណ ៣០០ហិចតា ប៉ុន្តែ​មិនធ្ងន់ធ្ងរពេកទេ។ លោក ស កក្កដា បញ្ជាក់ថា បញ្ហានេះក្រុមការងារស្ថាប័នពាក់ព័ន្ធ កំពុង​ចុះជួយកសិកររួចហើយ។

ដោយឡែក ឯកឧត្តម យន្ត មីន អភិបាលបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុម​ការងារចុះជួយបូមទឹក ត្រូវតែរូតរះដាក់ម៉ាស៊ីនបូមទឹក បូមទឹកដសក់ស្រែ ជូនប្រពលរដ្ឋឱ្យ​បានទាន់ពេលវលា។ ពោលគឺ ត្រូវធ្វើយ៉ាងណាមិនមានបញ្ហាខ្វះទឹក នាំឱ្យប៉ះពាល់ដល់​ស្រូវរដូវវស្សា របស់ប្រជាកសិករនោះទេ។ ឯកឧត្តម ទទួលស្គាល់ថា នៅតាមតំបន់ខ្លះ វាល​ស្រែប្រជាពលរដ្ឋនឹងអាចត្រូវខូចខាត ឬបាត់បង់ទិន្នផល ប្រសិនបើក្នុងរយៈ​ពេលចន្លោះពេល​សប្តាហ៍ទៀតមិនមានទឹកបូមដាក់ស្រែឱ្យបានទាន់ពេលទេ។ ទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បានអះអាងប្រាប់ពលរដ្ឋជាម្ចាស់ស្រែទាំងនោះថា សូមកុំមានការព្រួយ​បារម្ភឱ្ត​សោះ​ព្រោះ​ពេលនេះ ក្រុមការងារបូមទឹក កំពុងជួយដោះស្រាយទឹកដាក់​ស្រែជូនពលរដ្ឋ​ជាបន្ត​បន្ទាប់​ហើយ​។ ផ្តើមពីបញ្ហានេះ ប្រជាកសិករម្ចាស់ស្រែបានបង្ហាញការត្រេកអរ ចំពោះការយក​ចិត្ត​ទុកដាក់ របស់ថ្នាក់ដឹក នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះជួយដោះ​ស្រាយ​បញ្ហា​ខ្វះ​ទឹកភ្លាមៗ ជូនប្រជាពលរដ្ឋមានរបរធ្វើស្រែ នៅស្រុកព្រៃនប់ បានទាន់ពេល​វេលា​បន្ទាប់​ពី​បានទទួលដំណឹងពីការខ្វះទឹកដាក់ស្រែឆ្នាំនេះ៕ ​ដោយ វ៉ើន កញ្ញា


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ