សម្រែកទាមទាយរកយុត្តិធម៏ និង ស្នាមតំណក់ទឹកភ្នែករបស់ពលរដ្ឋ​ ​២៧០គ្រួសារ​នៅ​ពយម៉ាចូវ នៅតែដង្ហោយអោយសម្តេចអគ្គមហាសេនាបតីជួយរកយុត្តិធម៏

សង្គមថ្ងៃសៅរ៍ ទី18 ខែវិច្ឆិការ ឆ្នាំ2017 ម៉ោង 8:31 នាទី ល្ងាច

ខេត្តព្រះសីហនុៈសម្រែកទាមទាយរកយុត្តិធម៏ និង ស្នាមតំណក់ទឹកភ្នែករបស់ពលរដ្ឋ​ប្រមា​ណ​២៧០គ្រួសារនៅពយម៉ាចូវ នៅតែដង្ហោយអោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយដល់ពួកគាត់ផងខណះពេលបច្ចុប្បន្ននេះលោកស្រី រ៉ែម ផលចាន់លី ដែល​គេ​​អះអាងថាជាជើងខ្លាំងនៅតំបន់​ខេត្ត​កំពត់ស្ពឺនោះ នៅតែបន្តចិញ្ចឹមមហិច្ឆ​តារ​ប​ស់​ខ្លួន​ដោយ ប្រើ​ប្រាស់អំណាចទឹកលុយ អំណាចខ្នងបង្អែកជាមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់​ផ្កាយ៣ ផ្កាយ ៤ ខិល​ខូច​មួយចំនួនតូច ធ្វើជា ខែល រំលោភយកដី​ប្រជាពលរដ្ឋ ស្របពេលដែលលោក ឈឹម សុផាត​ដែល​ជាអ្នក លក់ដីអោយ លោក ស្រី រូបនេះ ចេញ​មុខអះអាងថា ដីដែលគាត់បាន​លក់​ទៅ​អោយ​អ្នក​ស្រី រ៉ែម ផល ចាន់ លី តំបន់ខាងលើមានទំហ៊ំតែ ១ហិកតា ៧០​អាប៉ុណ្ណោះ ។

          លោកស្រី កែវ ចិន្តា រឿងរ៉ាវរវាងប្រជាពលរដ្ឋ ២៧០គ្រួសារ និងអ្នកស្រី រ៉ែម ផល​ចាន់​លី លើទំហំដី​ ២៥ហិកតា ខាងលើនេះ វាមិនគួរកើតមានទេ ពីព្រោះអ្វីជាការពិតត្រូវ​បាន​​លាត​ត្រដាង​រួច​អស់ទៅហើយ ដោយម្ចាស់ដីដែលលក់អោយលោកស្រី រ៉ែម ផលចាន់លី បាន​ធ្វើការ​បញ្ជាក់​ច្បាស់​លាស់​ថាបានលក់ដីឲ្យតែ១ហិកតា ៧០អាតែប៉ុណ្ណោះ។ លោកស្រី កែវ ចិន្តា បានបន្ត​ទៀត​ថា កន្លងមកដោយសារតែបញ្ហាដីនេះ អ្នកស្រី រ៉ែម ផលចាន់លី បានប្រើ​គ្រប់រូបភាព​បង្កបញ្ហា​ស្មុគស្មាញដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង រហូត​ដល់​មានការជួលអោយ គេរុះផ្ទះប្រជាពលរដ្ឋ​ទាំងយប់ទាំងអាធ្រាតទៀតផង។ និងមានការពឹងពាក់អ្នកមាន​អំណាច​បុណ្យ​ស័ក្តិធំៗផ្កាយ៣ ផ្កាយ​៤ មកធ្វើការកាងដីនេះផងដែរ ។ សរុបសេចក្តីមក អ្វីដែលអ្នកស្រី រ៉ែម ផលចាន់លី ធ្វើ​គឺជា​រឿងរំលោភបំពានទាំងស្រុង លើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្អូនប្រុសឈ្មោះ អយ វិចិត្រ អាយុ ២៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់លោក ឈឹម សុផាត ជុំវិញបញ្ហាខាងលើនេះ បានធ្វើការបញ្ជាក់ថា ឪពុកលោក (ឈឹម សុផាត) ពិតជាបានលក់ដី​អោយទៅអ្នកស្រី រ៉ែម ផលចាន់លី ពិតប្រាកដមែន គឺលក់ក្នុងទំហំតែ ១ហិកតា ៧០អា​ប៉ុណ្ណោះ ។ ប្អូនប្រុស អយ វិចិត្រ បានបន្តទៀតថា ថ្វីត្បិតតែកិច្ចសន្យាលក់ទិញរវាងឪពុកគាត់ និងអ្នកស្រី រ៉ែម ផលចាន់លី បានធ្វើរួចរាល់ហើយមែន ប៉ុន្តែមិនអាចយកជាការបានទេ ដោយ​សារតែអ្នកស្រី រ៉ែម ផលចាន់លី មិនទាន់អោយលុយគ្រប់ចំនួន តាមការព្រមព្រៀង​គ្នានៅ​ឡើយ ។ ហើយបច្ចុប្បន្នជុំវិញបញ្ហានេះ រវាងអ្នកស្រី រ៉ែម ផលចាន់លី និងឪពុករបស់គាត់ កំពុង​ស្ថិតក្នុង​ការប្តឹងផ្តល់គ្នានៅតាមផ្លូវតុលាការនៅឡើយ ដោយឪពុកលោកទាមទារយក​ដី​នោះមកវិញ ។ដូចនេះអ្វីដែលអ្នកស្រី រ៉ែម ផលចាន់លី ទាមទារយកដីប្រជាពលរដ្ឋជាង ២៥​ហិកតានោះ វា​មិនមែនជារឿងត្រឹមត្រូវទេ វាជាការរំលោភបំពានទាំងស្រុងលើ​សិទ្ធិរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ ។

ដោយឡែកប្អូនប្រុសឈ្មោះ នាក់ រ៉ា ក៏បានបញ្ជាក់ផងដែរថា កន្លងមកអ្នកស្រី រ៉ែម ផល​ចាន់លី​ នេះ មិនត្រឹមតែមកធ្វើការគ្រប់គ្រងលើទំហ៊ំដី ១ហិកតា ៧០អា ដែលបានទិញពីលោក ឈឹម សុផាត ប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាចង់បានដីប្រជាពលរដ្ឋទាំងអស់ ដែលកំពុង​រស់​នៅ​ទៀតផង ហើយសំរាប់រូបខ្ញុំក៏ធ្លាប់ធ្វើជាអ្នកស៊ីឈ្នួលរុះផ្ទះប្រជាពលរដ្ឋទាំងយប់អោយ​អ្នកស្រី រ៉ែម ផលចាន់លី ដែរ ព្រោះតែកាលនោះ ខ្ញុំមិនទាន់មានការយល់ដឹងច្បាស់លាស់ ។

ទោះជាយ៉ាងណាក៏ដោយ លោក ស្រីរ៉ែម ផលចាន់ លី នៅតែអះអាងថា គាត់មាន​ដី​តំបន់ទំនាស់នេះ ចំនួនទំហ៊ំ២៥ហិកតា គឺជាដីបានមកពីការទិញលក់ ពីប្រជាពលរដ្ឋ​នឹងមាន​ការទទូលស្គាល់ពីអាជ្ញាធរ ដែនដីផងដែរ។

ដោយឡែក​សំរាប់​ការ​ចោទប្រកាន់របស់អ្នកស្រី រ៉ែម ផលចាន់លី ទៅលើឈ្មោះ ពៅ ហ៊ុន ថា បានបាញ់កាំភ្លើង​គំរាម​ទៅលើខ្លួនជាម្ចាស់ដីនោះ ក៏មិនមែនជារឿងពិតដែរ ពីព្រោះ​លោក ពៅ ហ៊ុន គាត់បាញ់កាំ​ភ្លើង​ទៅលើដីដែលជារបស់គាត់តែប៉ុណ្ណោះ ហើយរវាងដីលោក ពៅ ហ៊ុន និង​ដីអ្នកស្រី រ៉ែម ផល​ចាន់លីមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទេគឺនៅដាច់​ដោយ​ឡែក​ពីគ្នាដូច​នេះ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី រ៉ែម ផលចាន់លី ត្រូវតែទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ជាមួយគ្នា​នេះប្រ​ជា​ពលរដ្ឋ សូមអំពាវ​នាវ​ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អោយជួយដល់​ប្រជាពល​រដ្ឋ​រង​គ្រោះ​ចំនួន ២៧០​គ្រួសារផង ព្រោះ​ពួកគាត់មិនមានដីច្រើនទេ ដោយ​១គ្រួសារមានត្រឹមតែ ១០ម x ៣០ម នឹងខ្លះ​ទៀត ២០ x ៣០ តែ​ប៉ុណ្ណោះសំរាប់ធ្វើលំនៅដ្ឋាន​រស់​នៅ​ផ្ទាល់ខ្លួន ហើយបញ្ហា​នេះ​មាន​តែ​សម្តេច​ទេទើបអាច​ជួយ​ដល់​ប្រជាពលរដ្ឋក្រីក្របានពីព្រោះ​អ្នកស្រីរ៉ែម ផល​ចាន់​លី នេះ បានប្រើ​អំ​ណាច​ថ្នាក់ដឹកនាំធំៗ ក្នុងជួររាជរដ្ឋាភិបាល មក​គាប​សង្កត់ប្រជា​ពល​រដ្ឋអោយរងទុក្ខលំ​បាកជាប្រចាំ៕ ​ដោយ វ៉ើន កញ្ញា

 


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


អត្ថបទថ្មីៗ