ទីភ្នាក់ងារស៊ីនហួរបស់ចិននៅថ្ងៃទី ១៧ មករា រាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងចេញពីរដ្ឋធានីវ័រស៊ីងតុន ឌី.ស៊ី. នៅព្រឹកថ្ងៃទី ២០ ខែមករា មុនចាប់ផ្តើមពិធីចូលស្បថកាន់តំណែងរបស់លោក ចូ បៃដេន ហើយថា លោក ត្រាំ នឹងរៀបចំពិធីចុះចេញពីតំណែង និងលាគ្នាដ៏ធំមួយផងដែរ ។
ទីភ្នាក់ងារ AP (Associated Press) ផ្សាយថា ពិធីលាគ្នាដែលរៀបចំឡើងនៅមូលដ្ឋានទ័ព Joint Base Andrews) ក្នុងរដ្ឋមេរីលែន នឹងមានការទទួលស្វាគមន៍បែបដែលគាត់បានធ្វើក្នុងឋានៈជាប្រធានាធិបតីទៅទស្សនកិច្ចនៅក្រៅប្រទេស រួមមាន «កម្រាលព្រំក្រហម អ្នកកាន់ទង់ជាតិ ក្រុមដង្ហែក្បួនរបស់កងទ័ព ហើយថែមទាំងបាញ់កាំភ្លើងសំពះ ២១ ណាតើ» ។
ក្នុងថ្ងៃនោះ ត្រាំ នឹងជិះយន្តហោះ Air Force One ជាលើកចុងក្រោយ ឆ្ពោះទៅ ម៉ារ-អា-ឡាហ្គោ (Mar-a-Lago) រដ្ឋផ្ល័រីដា ដែលតាមសេចក្តីរាយការណ៍ថា ក្រោយពីចុះពីតំណែង គាត់នឹងប្រើជីវិតនៅទីនោះ ។
ត្រាំ ធ្លាប់បានពោល ខ្លួននឹងមិនចូលរួមក្នុងពិធីទទួលតំណែងរបស់ បៃដេន ទេ ស្របពេលដែល បៃដេន និយាយចាក់ខ្សែថា «នុះ ជារឿងល្អណាស់» ។
ទោះយ៉ាងណា លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីរបស់រដ្ឋាភិបាលលោក ត្រាំ មានផែនការចូលរួមក្នុងសច្ចាប្រណិធានរបស់ បៃដេន ហើយ បៃដេន ក៏សម្តែងការសប្បាយចិត្តដែល ម៉ៃ ផេន ចូលរួម ហើយនៅព្រឹកថ្ងៃសុក្រ ទី ១៥ ខែមករា លោក ផេន បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី កាមេឡា ហែរីស អនុប្រធានាធិបតីរបស់លោក ចូ បៃដេន ថាត្រៀមខ្លួនថានឹងជួយ ៕
បកប្រែពី xinhuathai
ដោយ ពិសិទ្ធ